ការ​បើក​កម្មវិធី​ កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម

អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​មាន​កិត្តិយស​ក្នុង​ការ​រៀបចំ​កម្មវិធី​ កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ឆ្នាំ​២០១៨​ លើក​ដំបូង​គេ​បង្អស់​នៅ​ប្រទេស​កម្ពុជា​។​ កម្មវិធី​ កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ឆ្នាំ​២០១៨​ រយៈពេល​៥​ថ្ងៃនេះ​ ផ្តោត​សំខាន់​ទៅ​លើ​ប្រធានបទ​ធំៗ​ចំនួន​ ៤​ ដូច​ជា​ កម្មវិធី​ប្រភព​កូដ​បើក​ទូលាយ​សម្រាប់​ភាពល្អ​ប្រសើរ​ ទិន្នន័យ​បើក​ទូលាយ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ គំនិត​ច្នៃប្រឌិត​សម្រាប់​សង្គម​ និង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។​ នៅ​ក្នុង​កម្មវិធី​នេះ​មានកម្ម​វិធី​ចម្រុះ​ជា​ច្រើន​ដូច​ជា​ សិក្ខាសាលា​ វគ្គ​ប្រឹក្សា​យោបល់​ ការ​បង្រៀន​ ទស្សនកិច្ច​សិក្សា​ ដែល​មាន​គោលបំណង​សំខាន់​ សម្រាប់​ផ្តល់​ឱកាស​ដល់​អ្នកចូលរួម​ក្នុង​ការ​រៀនសូត្រ​ និង​យល់​ដឹង​អំពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដោយ​សុវត្ថិភាព​ ដើម្បី​ដោះស្រាយ​បញ្ហា​សង្គម​ និង​បរិស្ថាន​នៅ​ក្នុង​សហគមន៍​របស់​ពួក​គេ​។

​លោក​ ធី​ ទ្រី​ នាយក​ប្រ​តិ​ប​តិ្ត​ នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​ចាប់ផ្តើម​កម្មវិធី​នេះ​ជាមួយ​សុន្ទ​រក​ថា​ស្វាគមន៍កម្មវិធី​ ដើម្បី​ស្វាគមន៍​អ្នកចូលរួម​ និង​ភ្ញៀវ​កិត្តិយស​ ដែល​អញ្ជើញ​មក​ពី​ ក្រសួង​ ដៃគូ​នៃ​ Open​ Development​ Mekong​ ស្ថាប័នឯកជន​ ស្ថាប័ន​សារព័ត៌មាន​ វាគ្មិន​ និស្សិត​សាកលវិទ្យាល័យ​ និង​អ្នក​ស្ម័គ្រចិត្ត​។​ លោក​ទ្រី​ ក៏​បាន​ថ្លែង​នូវ​ប្រវត្តិ​សង្ខេប​របស់​កម្មវិធី​អាយ​ស៊ី​ធី​ខែ​ម​ផង​ដែរ​។​ ក្នុង​ឆ្នាំ​២០១៥​ លោក​ ទ្រី​ បាន​ចូលរួម​កម្មវិធី​ មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​ដំបូង​បង្អស់​ ដែល​បើក​សម្រាប់​អ្នកចូលរួម​មក​ពី​ប្រទេស​ក្នុង​អនុ​តំបន់​ទន្លេមេគង្គ​ ហើយ​ចាប់តាំងពី​ពេល​នោះ​មក​ កម្មវិធី​នេះ​បាន​ក្លាយជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ។ នៅ​ឆ្នាំ​២០១៨​នេះ​ លោក​ ទ្រី​ និង​ក្រុមការងារ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​ខិតខំ​ប្រឹងប្រែង​បង្កើត​កម្មវិធី​ កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​ ដែល​យក​លំនាំ​តាម​កម្មវិធី​ មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​។​ កម្មវិធី​នេះ​ត្រូវ​បាន​បង្កើត​ឡើង​យ៉ាង​ពិសេស​ ដើម្បី​បំពេញតម្រូវការ​របស់​សហគមន៍​ ICT​នៃ​ប្រទេស​កម្ពុជា​ និង​ដើម្បី​ផ្តល់​ជា​ឱកាស​សម្រាប់​ពួក​គាត់​ក្នុង​ការ​សិក្សា​ យល់​ដឹង​បន្ថែម​ និង​ពង្រឹង​ជំនាញ​របស់​ខ្លួន​។​

CICTCamp Opening Speech
លោក​ ធី​ ទ្រី​ នាយក​ប្រ​តិ​ប​តិ្ត​ នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ បាន​ចាប់ផ្តើម​កម្មវិធី​នេះ​ជាមួយ​សុន្ទ​រក​ថា​ស្វាគមន៍កម្មវិធី។

នៅ​ក្នុង​ថ្ងៃ​ដំបូង​នេះ​ វាគ្មិន​សំខាន់ៗ​របស់​យើង​មាន​ដូច​ជា​ អ្នកស្រី​ Pyrou​ Chung​ ដែល​នឹង​ធ្វើ​បទ​បង្ហាញ​ខ្លីៗ​អំពី​ ទិន្នន័យ​បើក​ទូលាយ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​  អ្នកស្រី​ Puangchomphu​ Rammuang​ និយាយ​អំពី​ គំនិត​ច្នៃប្រឌិត​សម្រាប់​សង្គម​ និង​ លោក​ Norbert​ Klein​ និយាយ​អំពី​ កម្មវិធី​ប្រភព​កូដ​បើក​ទូលាយ​សម្រាប់​ភាពល្អ​ប្រសើរ​។​ នៅ​ក្នុង​សុន្ទរកថា​របស់​អ្នកស្រី​ បាន​អំពាវនាវ​យ៉ាង​ខ្លាំងក្លា​ក្នុង​ការ​ចូលរួម​បើក​ទូលាយ​ទិន្នន័យ​ ដើម្បី​លើកកម្ពស់​ការ​ដាក់​បញ្ចូល​ និង​សម្រេច​បានការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​ អ្នកស្រី​បាន​ផ្តោត​ជា​ពិសេស​ទៅ​លើ​សារៈសំខាន់​នៃ​ទិន្នន័យ​ ដើម្បី​បង្ហាញ​ និង​លើកកម្ពស់​តម្រូវការ​នៃ​ការ​ចូលរួម​របស់​ស្ត្រី​។​ អ្នកស្រី​បាន​ថ្លែង​ថា​៖​ “​វិសមភាព​បាន​កើត​មាន​ឡើង​ហើយ​ ហើយ​យើង​ត្រូវការ​ប្រមូលផ្តុំ​ទិន្នន័យ​បន្ថែម​ទៀត​ ដើម្បី​ដោះស្រាយ​បញ្ហា​វិសមភាព​ទាំងនេះ​”​។​ អ្នកស្រី​បាន​បញ្ចប់​សុន្ទរកថា​ ដោយ​លើកទឹកចិត្ត​ឱ្យ​ស្ត្រី​និយាយ​ជាមួយ​អ្នក​រៀបចំ​កម្មវិធី​ ដើម្បី​បញ្ជាក់​ឱ្យ​ច្បាស់​ថា​ តើ​ប្រភេទ​ទិន្នន័យ​ណា​ដែល​ស្ត្រី​ត្រូវការ​ ដើម្បី​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ និង​បន្ត​គោលដៅ​របស់​ពួក​គាត់​។​

Open Data Keynote
អ្នកស្រី​ Pyrou​ Chung​ ផ្តល់សុន្ទកថាទាក់ទងនឹងទិន្នន័យ​បើក​ទូលាយ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​

បន្ថែម​ពី​នេះ​ទៀត​ អ្នកស្រី​ Puangchomphu​ Rammuang​ ក៏​បាន​សង្កត់ធ្ងន់​លើ​តួនាទី​របស់​ប្រជាជន​ ក្នុង​ការ​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេស​របស់​ខ្លួន​។​ ក្នុង​នាម​ជា​អ្នកតំណាង​អង្គការ​ Thai​ Fund​ Foundation​  អ្នកស្រី​ Puangchomphu​ Rammuang​ បាន​ចែករំលែក​ពី​សារៈសំខាន់​នៃ​គំនិត​ច្នៃប្រឌិត​ផ្នែក​សង្គម​ នៅ​ក្នុង​បេសកកម្ម​នៃ​អង្គការ​របស់​អ្នកស្រី​។

Champu Key Note
អ្នកស្រី​ Puangchomphu​ Rammuang​ បាននិយាយ​អំពី​ គំនិត​ច្នៃប្រឌិត​សម្រាប់​សង្គម​។

ជា​ចុង​ក្រោយ​ លោក​ Norbert​ Klein​ បាន​គូសបញ្ជាក់​ពី​សក្តានុពល​នៃ​កម្មវិធី​ប្រភព​កូដ​បើក​ទូលាយ​។​ លោក​បាន​ស្នើ​ថា​ អ្នកចូលរួម​គួរ​ចំណាយ​លុយ​របស់​ស្ថាប័ន​របស់​ពួក​គេ​ ដើម្បី​បន្ត​បុព្វហេតុ​របស់​ស្ថាប័ន​ មិនមែន​ចំណាយ​លុយ​ទៅ​លើ​ការ​ទិញ​កម្មវិធី​នោះ​ទេ​។​ យុទ្ធនាការ​ប្រភព​កូដ​បើក​ទូលាយ​ គឺជា​សហគមន៍​អ្នក​សរសេរ​កម្មវិធី​កូដ​ដ៏​មាន​ឥទ្ធិពល​ ក្នុង​ការ​ធ្វើការ​ដើម្បី​បង្កើត​កូដ​បើក​ទូលាយ​សម្រាប់​សាធារណៈជន​។​ សុន្ទរកថា​ទាំងនេះ​បាន​បើក​ជា​គំនិត​ និង​ផ្សារ​ភ្ជាប់​អ្នកចូលរួម​ទៅ​ក្នុង​ប្រធានបទ​ ដែល​នឹង​ត្រូវ​លើក​មក​ពិភាក្សា​នៅ​ក្នុង​កម្មវិធី​ កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​ ឆ្នាំ​២០១៨​ ដើម្បី​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​។​ កម្មវិធី​ កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​ ឆ្នាំ​២០១៨​នេះ​ គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​អ្នកចូលរួម​ ដើម្បី​ធ្វើការ​សិក្សា​យល់​ដឹង​បន្ថែម​អំពី​ប្រធានបទ​សំខាន់ៗ​ខាងលើ​ និង​យកចំនេះ​ដឹង​ទាំងអស់​ទៅ​អនុវត្ត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដែល​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​របស់​ពួក​គេ​។​

ODC's Board Keynote
លោក​ Norbert​ Klein​ ដែលជាក្រុមប្រឹក្សាភិបាលរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ បាននិយាយ​អំពី​ កម្មវិធី​ប្រភព​កូដ​បើក​ទូលាយ​សម្រាប់​ភាពល្អ​ប្រសើរ។

សុន្ទរកថា​ចុង​ក្រោយ​នៃ​កម្មវិធី​បើក​ថ្ងៃនេះ​ ត្រូវ​បាន​ផ្តល់​ដោយ​លោក​ លោក​ ម៉ុ​ក​ ខេមរា​ ប្រធាន​នាយកដ្ឋាន​រដ្ឋាភិបាល​អេ​ឡិ​ក​ត្រូ​និ​ច​ នៃ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​។​ លោក​ខេមរា​ បាន​ធ្វើការ​កត់​សម្គាល់ថា​ សមត្ថភាព​នៃ​ទិន្នន័យ​បើក​ទូលាយ​ និង​កា​រត​ភ្ជាប់​ប្រព័ន្ធ​អ៊ីនធឺណិត​ មាន​ឥទ្ធិពល​ខ្លាំង​ណាស់​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍ​ប្រទេស​។​ លោក​ក៏​បាន​លើក​ពី​សារៈសំខាន់​នៃ​កម្មវិធី​នេះ​ ដោយ​បញ្ជាក់​ថា​ “​ទិន្នន័យ​បើក​ទូលាយ​មាន​សារៈសំខាន់​សម្រាប់​ទាំង​អ្នកមាន​ និង​អ្នកក្រ​”​។​ លោក​បាន​បន្ថែម​ថា​ យើង​បាន​មក​ជួប​គ្នា​នៅ​កម្មវិធី​ អាយ​ស៊ី​ធី​ខែ​ម​ លើក​ដំបូង​បង្អស់​របស់​ប្រទេស​កម្ពុជា​ ដើម្បី​ជម្រុញ​គំនិត​ច្នៃប្រឌិត​សម្រាប់​សង្គម​ កម្មវិធី​ប្រភព​កូដ​បើក​ទូលាយ​សម្រាប់​ភាពល្អ​ប្រសើរ​ ទិន្នន័យ​បើក​ទូលាយ​  និង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។​​ លោក​ក៏​បាន​បញ្ចប់​សុន្ទរកថា​របស់​លោក​ ដោយ​ការ​អំពាវនាវ​ឱ្យ​អ្នកចូលរួម​ទាំងអស់​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ ដើម្បី​លើកកម្ពស់​គំនិត​ទាំងនេះ ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​របស់​រដ្ឋាភិបាល​ ក៏​ដូច​ជា​បន្ថែម​កិច្ច​អភិវឌ្ឍន៍​របស់​ខ្លួន​ និង​លើកកម្ពស់​គោលការណ៍​រដ្ឋាភិបាល​អេ​ឡិច​ត្រូ​និក​ និង​នាំ​ប្រទេស​កម្ពុជា​ឱ្យ​មាន​អនាគត​ដ៏​ប្រសើរ​។

H.E. Mak Khemra
លោក​ លោក​ ម៉ុ​ក​ ខេមរា​ ប្រធាន​នាយកដ្ឋាន​រដ្ឋាភិបាល​អេ​ឡិ​ក​ត្រូ​និ​ច​ នៃ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ផ្ដល់នូវសុន្ទកថាបើកកម្មវិធី កម្ពុជា អាយស៊ីធីខែម ឆ្នាំ២០១៨ នេះ។

កម្មវិធី​ កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​ នៅ​ឆ្នាំ​នេះ​ មាន​អ្នកចូលរួមយ៉ាង​ច្រើន​កុះករ​ដែល​មក​ពី​ស្ថាប័ន​ចម្រុះ​។​ កម្មវិធី​នេះមាន​សិក្ខាកាមចូលរួម​ជាង​ ៩០​នាក់​ ដែល​មក​ពី​ស្ថាប័ន​អភិវឌ្ឍន៍​ សហគ្រិន​ អ្នកកាសែត​ បុគ្គលិក​សុខាភិបាល​ អ្នកឯកទេស​កសិកម្ម​ និស្សិត​ និង​បុគ្គលិក​វិស័យ​ឯកជន​។​ ក្នុង​រយៈពេល ​៥​ថ្ងៃនេះ​ សិក្ខាកាម​នឹង​ចូលរួម​សិក្ខាសាលា​ស្តី​ពី​ ទិន្នន័យ​បើក​ទូលាយ​ ការ​ប្រមូល​ទិន្នន័យ​ សន្តិសុខ​បច្ចេកវិទ្យា​ និង​ទិន្នន័យ​ធំ​ ដើម្បី​រចនា​គំនិត​ សហគ្រិនភាព​សង្គម​ និង​បណ្តាញ​សង្គម​។​ អ្នកចូលរួម​នឹង​មានឱកាស​យក​មេរៀន​ដែល​គាត់​បាន​រៀន ទៅ​អនុវត្ត​ទៅ​លើ​បញ្ហា​ដែល​អង្គការ​ ឬ​សហគមន៍​របស់​គាត់​កំពុង​ជួប​ប្រទះ​។​ តាម​រយៈ​វគ្គ​បណ្ដុះបណ្ដាល​គំរូ​ ឱកាស​ប្រឹក្សា​យោបល់​ គំនូរព្រាង​ និង​ទស្សនកិច្ច​សិក្សា​ អ្នកចូលរួម​នឹង​អាច​ប្រើប្រាស់​ខែ​ម​នេះ​ ជា​ឧបករណ៍​ដ៏​មាន​សំខាន់​មួយ​ ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​របស់​ពួក​គាត់។​

សកម្មភាពខ្លះៗនៅថ្ងៃទី ១ នៃកម្មវិធី កម្ពុជា អាយស៊ីធីខែម ឆ្នាំ២០១៨។