សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ១០១៖​ ការ​វាយប្រហារ​ គោល​គំនិត​ និង​បច្ចេកទេស​

​កញ្ញា​ វឿ​ន​ លក្ខណា​ គឺជា​អ្នកគ្រប់គ្រង​ទូទៅ​ នៅ​វិទ្យាស្ថាន​សាន់​រ៉ា​យស៍​ និង​ជា​អ្នក​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បណ្តុះ​បណ្តា​អ្នកជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​ជំនាន់​ក្រោយ​។​ ថ្ងៃនេះ​ យើង​មានឱកាស​ចូលរួម​ស្ដាប់​ការ​ចែករំលែក​នូវ​ជំនាញ​ និង​បទ​ពិសោធន៍​ របស់​កញ្ញា​ នៅ​ក្នុង​បទ​បង្ហាញ​ក្រោម​ប្រធានបទ​ សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ១០១៖​ ការ​វាយប្រហារ​ គោល​គំនិត​ និង​បច្ចេកទេស​ជុំវិញ​ប្រធានបទ​ សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។​

​ជា​កិច្ច​ចាប់ផ្តើម​ កញ្ញា​បាន​បង្ហាញ​ទិដ្ឋភាព​ទូទៅ​នៃ​សារៈសំខាន់​នៃ​ដំណោះស្រាយ​សម្រាប់​ សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ក៏​ដូច​ជា​ពន្យល់​អំពី​ផល​ប៉ះពាល់​ ដែល​វា​មាននៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​។​ យើង​មិន​អាច​ប្រកែក​បាន​ទេ​ថា​ សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ គឺជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​មួយ​ មិន​ត្រឹមតែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ​ វា​ក៏​ជា​ប្រធានបទ​ដ៏​ក្តៅ​នៅ​លើ​ពិភពលោក​ផង​ដែរ​។​ មាន​ប្រទេស​ជា​ច្រើន​បាន​ជួប​ប្រទះ​នូវ​ការ​វាយលុក​ DDoS​ រយៈពេល​ប៉ុន្មាន​ខែ​មុន​នេះ​។​ នេះ​គឺជា​បញ្ហា​ដែល​យើង​គួរតែ​យកចិត្តទុកដាក់​ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​មនុស្ស​គ្រប់​រូប​ ដូច​ជា​ បុគ្គល​ម្នាក់ៗ​ សាជីវកម្ម​ អាជីវកម្ម​ និង​ស្ថាប័នរដ្ឋ​ផង​ដែរ​។​

​កញ្ញា​ វឿ​ន​ លក្ខណា កំពុងធ្វើ​បទ​បង្ហាញ​ក្រោម​ប្រធានបទ​ សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ១០១៖​ ការ​វាយប្រហារ​ គោល​គំនិត​ និង​បច្ចេកទេស។

​ការ​វាយប្រហារ​តាម​អ៊ី​ធឺ​ណិ​ត​អាច​កើតឡើង​នៅ​ក្នុង​ទម្រង់​ជា​ច្រើន​ និង​អាច​មាន​ឥទ្ធិពល​ផ្សេងៗ​គ្នា​។​ ក្រៅពី​ការ​លួច​ទិន្នន័យ​ និង​ព័ត៌មាន​របស់​យើង​ ឯកសារ​របស់​យើង​ក៏​អាច​នឹង​ត្រូវ​បាន​កែប្រែ​ និង​លុប​ចេញ​ផង​ដែរ​។​ ការ​វាយប្រហារ​ទាំងនេះ​ ក៏​អាច​ប៉ះពាល់​ដល់​កម្មវិធី​ដែល​យើង​បាន​តំឡើង​ផង​ដែរ​ ដែល​វា​អាច​នឹង​រារាំង​យើង​មិន​ឱ្យ​ចូល​ទៅ​ប្រើ​កម្មវិធី​ទាំង​អស់នោះ​បាន​។​

​នៅ​ក្នុង​ការ​ចែករំលែក​នេះ​ផង​ដែរ​ យើង​ក៏​បាន​ពិភាក្សា​ពី​អត្ថប្រយោជន៍​នៃ​កម្មវិធី​ HashCalc​ ក៏​ដូច​ជា​របៀប​ប្រើប្រាស់​ក្នុង​ការ​ការពារ​ទិន្នន័យ​តាម​រយៈ​កូដ​នី​យ​កម្ម​
​ (Encryption)​ និង​វិ​កូដ​នី​យ​កម្ម​ (Decryption)​ ផង​ដែរ​។​ នៅ​ក្នុង​បទ​បង្ហាញ​ កញ្ញា​ក៏​បាន​ចែករំលែក​របៀប​សម្គាល់​អ្នក​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ (Hacker)​ ដើម្បី​ឱ្យ​អ្នកចូលរួម​កាន់តែ​យល់​ច្បាស់​ពី​សណ្ឋាន​ ក៏​ដូច​ជា​របៀប​បញ្ជៀ​ស​ខ្លួន​ពី​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​។​ កញ្ញា​ លក្ខណា​ ក៏​បាន​ផ្តល់​ដំបូន្មាន​ជាក់ស្តែង​ដ៏​មាន​ប្រយោជន៍​ ទៅ​កាន់​អ្នកចូលរួម​ ទាក់ទង​នឹង​របៀប​រក្សា​សុវត្ថិភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​។​ ចំនុច​សំខាន់​មួយ​ គឺ​មិន​ត្រូវ​ប្រើ​ពាក្យ​ ឬ​លេខ​សម្ងាត់​ (Password)​ ដូច​គ្នា​សម្រាប់​គណនី​របស់​អ្នក​ទាំងអស់​ឡើយ​។​ ក៏​ដូច​គ្នា​នេះ​ដែរ​ កញ្ញា​ក៏​បាន​ណែនាំ​ដល់​អ្នកចូលរួម​មិន​ឱ្យ​ប្រើ​ពាក្យ​ ឬ​លេខ​សម្ងាត់​ (Password)​ ដែល​ងាយ​ទាយ​បាន​ ដូច​ពាក្យ​ដែល​មាន​ស្រាប់​។​

​សំណួរ​ដែល​លើក​ឡើង​ដោយ​អ្នកចូលរួម​ភាគច្រើន​ គឺ​ផ្តោត​ទៅ​លើ​ការ​ព្រួយបារម្ភ​របស់​ពួក​គេ​ ទាក់ទង​នឹង​ឯកជន​ភាព​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ និង​ដែន​កំណត់​ដែល​យើង​គួរតែ​កំណត់​ នៅ​ពេល​ដែល​យើង​ចង់​ចែករំលែក​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​យើង​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​។​ សំណួរ​ទាំងនេះ​ គឺជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​មួយ​ ក្នុងអំឡុងពេល​ដែល​យើង​ទាំងអស់​គ្នា​សព្វថ្ងៃ​ កំពុង​ប្រើប្រាស់​បណ្តាញ​សង្គម​ ដោយពេល​ខ្លះ​មិន​បាន​គិត​អំពី​ផល​ប៉ះពាល់​នៃ​ការ​បង្ហោះ​ព័ត៌មាន​បែប​នេះ​។​

​វគ្គ​ចែករំលែក​របស់​កញ្ញា​លក្ខណា​ គឺជា​វគ្គ​មួយ​ក្នុង​ចំណោម​វគ្គ​ដែល​ទទួល​បានការ​ចូលរួម​ច្រើន​បំផុត​ ពី​សំណាក់​អ្នកចូលរួម​នៅ​ថ្ងៃ​ដំបូង​នៃ​កម្មវិធី​ កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​ ឆ្នាំ​២០១៨​នេះ​ ដោយ​ទាក់ទាញ​អ្នកចូលរួម​ប្រមាណ​ជាង​ពាក់កណ្តាល​។​ កញ្ញា​បាន​ដើរតួ​ជា​ឧ​ទា​ហរ​ណ៏​ដ៏​ឈានមុខ​មួយ​ សម្រាប់​ស្ត្រី​ដទៃ​ទៀត​ក្នុង​វិស័យ​បច្ចេកវិទ្យា​ ពីព្រោះ​កញ្ញា​មិន​ត្រឹមតែ​ជា​អ្នកជំនាញ​ខាង​ផ្នែក​បច្ចេកវិទ្យា​ប៉ុណ្ណោះ​ទេ​ កញ្ញា​ក៏​ខិតខំ​ ចែករំលែក​ចំណេះដឹង​ជាមួយ​និស្សិត​ផ្នែក​បច្ចេកវិទ្យា​ ព័ត៌មានវិទ្យា​ជា​ច្រើន​ផង​ដែរ​។​

អ្នកចូលរួមស្ដាប់បទបង្ហាញរបស់ កញ្ញា លក្ខណា។

​កញ្ញា​ វឿ​ន​ លក្ខណា​ គឺជា​សមាជិក​នៃ​សហគមន៍​មួយ​នៅ​ទូ​ទាំង​ពិភពលោក​ ដែល​ព្យាយាម​ផ្តល់​ការ​បណ្ដុះបណ្ដាល​ ដល់​អ្នកជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន​ជំនាន់​ក្រោយ​។​ កញ្ញា​ទទួល​ការ​សិក្សា​ក្នុង​ជំនាញ​ប្រព័ន្ធ​បណ្តាញ​ (Cisco​ Course)​ អស់​រយៈពេល​ជិត​ ៨​ឆ្នាំ​ មក​ហើយ​ បច្ចុប្បន្ន​នេះ​ គាត់​កំពុង​បម្រើ​ការ​ជា​អ្នកគ្រប់គ្រង​ទូទៅ​ នៅ​វិទ្យាស្ថាន​សាន់​រ៉ា​យស៍​។​ មុន​ពេល​គាត់​មក​បម្រើ​ការ​ជាមួយ​វិទ្យាស្ថាន​សាន់​រ៉ា​យស៍​ គាត់​ធ្លាប់​ជា​អ្នក​ហាត់​ការ​ និង​ធ្វើការ​នៅ​សាកលវិទ្យាល័យ​ន័​រ​តុ​ន​ ក្រុមហ៊ុនទូរស័ព្ទ​ Smart​ Mobile​ អគារ​ Skyline​ Apartment​ ក្រុមហ៊ុន​ Passerelles​ Numeriques​ Cambodia​ (PNC)​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ អេ​អឹ​ម​ខេ​ ហើយ​គាត់​តែងតែ​ចូលរួម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ជា​និច្ច​។​ ចុងបញ្ចប់​ លក្ខណា​ ធ្លាប់​បាន​ចូលរួម​នៅ​ក្នុង​កម្មវិធី​ មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​ កាលពី​ឆ្នាំ​មុន​ ហើយ​ក្រុម​របស់​គាត់​ទទួល​បាន​ជ័យ​លា​ភី​ សម្រាប់​ “​ពានរង្វាន់​គ្រាប់ពូជ​”​ ដែល​ត្រូវ​បាន​ផ្តល់​ឱ្យ​គំរូ​គម្រោង​ដ៏​ល្អ​បំផុត​ចំនួន​ ៥​ គម្រោង​ (​មួយ​រង្វាន់​សម្រាប់​ប្រទេស​នីមួយៗ​ នៅ​ក្នុង​មហា​អនុ​តំបន់​ទន្លេមេគង្គ​)​។​ នៅ​ឆ្នាំ​នេះ​ លក្ខណា​នឹង​ចែករំលែក​អំពី​គម្រោង​របស់​ក្រុម​គាត់​ ឈ្មោះ​ថា​ Cam​ Lost​ And​ Found​ និង​ធ្វើ​ជា​វាគ្មិន​លើ​ប្រធានបទ​ “​ការ​ណែនាំ​អំពី​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​”។​