ម្ចាស់ផ្ទះ​លើក​ដំបូង​ សម្រាប់​ មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​ លើក​ទី​ ៥​ នៅ​ក្រៅប្រទេស​ថៃ​ (​នៅ​ឆ្នាំ​ ២០១៧)​ និង​ កម្មវិធី​កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​ ឆ្នាំ​២០១៨​លើក​ទី​ ១​ នៅ​ប្រទេស​កម្ពុជា​

មេគង្គ​ អាយ​ស៊ី​ធី​ខែ​ម​ គឺជា​សិក្ខាសាលា​ក្នុង​តំបន់​រយៈពេល​មួ​យស​ប្តា​ហ៍​ ដែល​រៀបចំ​ឡើង​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង​។​ សិក្ខាសាលា​នេះ​លើកកម្ពស់​ ការ​បង្កើន​ជំនាញ​និង​ការ​ចែករំលែក​បទ​ពិសោធន៍​ ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទំនាក់ទំនង​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មី​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ សុខភាព​សហគមន៍​ និង​អង្គការ​សង្គម​ស៊ី​វិល​។​ មេ​គ​ង្គ ​អាយ​ស៊ី​ធី​ខែ​ម​ ត្រូវ​បាន​រៀបចំ​ជា​លើក​ដំបូង​ ដោយ​ Thai​ Fund​ Foundation​ នៅ​ប្រទេស​ថៃ​ ក្នុង​ឆ្នាំ​ ២០០៨​ ហើយ​មាន​អ្នកចូលរួម​ មក​ពី​ប្រទេស​មហា​អនុ​តំបន់​ទន្លេមេគង្គ​ (​កម្ពុជា​ ឡាវ​ មី​យ៉ា​ន់​ម៉ា​ ថៃ​ និង​ វៀតណាម​)​។​ អ្នកចូលរួម​ គឺជា​អ្នកបច្ចេកទេស​ អ្នកធ្វើការ​ងារ​សហគមន៍​  ​អ្នកបម្រើ​ការ​វិស័យ​សុខាភិបាល​ សកម្មជន​សិទ្ធិ​មនុស្ស​ និង​អ្នក​សារព័ត៌មាន​ ដែល​ផ្តោត​លើ​បញ្ហា​ការ​អភិវឌ្ឍ​ រួម​ទាំង​សិស្ស​និស្សិត​នានា​។​

mkict17-organizers

២០១៧​ ជា​ឆ្នាំ​ដំបូង​ ដែល​មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​លើក​ទី​ ៥​ ត្រូវ​បាន​រៀបចំ​ឡើង​ នៅ​ខាងក្រៅ​ប្រទេស​ថៃ​ ហើយ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​បាន​ធ្វើ​ជា​ម្ទា​ស់​ផ្ទះ​ សម្រាប់​កម្មវិធី​នេះ​ ដោយ​មាន​កិច្ចសហការ​ជាមួយ​ដៃគូ​ជា​ច្រើន​ ដូច​ជា​ Thai​ Fund​ Foundation,​ Emerald​ HUB,​ វិទ្យាស្ថាន​បច្ចេកវិទ្យា​សង្គម​ និង​មូលនិធិ​សម្រាប់​អ៊ី​ន​ធើ​ណិ​ត​ និង​វប្បធម៌​ពលរដ្ឋ​។​ ខែ​ម​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ខេត្តសៀមរាប​ ចាប់ពី​ថ្ងៃ​ទី​ ៤​ ដល់​ ៨​ ខែធ្នូ​ ឆ្នាំ​២០១៧​។​ ដោយ​មាន​អ្នកចូលរួម​ជិត​ ៨០​ នាក់​ ខែ​ម​នេះ​បាន​ផ្តោត​លើ​ “​ការ​សហការ​ទិន្នន័យ​ឆ្លង​ព្រំដែន​”​ ដែល​មាន​ប្រធានបទ​សំខាន់ៗ​ចំនួន​ ៣​ គឺ​ការ​អនុវត្ត​ច្នៃប្រឌិត​ ការ​ចូលរួម​របស់​ពលរដ្ឋ​ក្នុង​អភិបាលកិច្ច​ និង​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​។​ វា​ត្រូវ​បាន​រៀបចំ​ឡើង​តាម​លក្ខណៈ​មួយ​ ដែល​អនុញ្ញាត​ឱ្យ​វាគ្មិន​ និង​អ្នកចូលរួម​បាន​ធ្វើ​អន្តរ​កម្ម​ជាមួយ​គ្នា​ រៀនសូត្រ​ ចែករំលែក​ទស្សនៈ​ និង​បទ​ពិសោធន៍​ខុសៗ​គ្នា​នៃ​បច្ចេកវិទ្យា​ និង​ផលវិបាក​របស់​វា​ នៅ​ក្នុង​បរិបទ​ផ្សេងៗ​គ្នា​គឺ​៖​ វប្បធម៌​ និង​តួនាទី​។​

mkict17-group-photo

នៅ​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​ អូ​ឌី​ស៊ី​ និង​ក្រុមការងារ​បាន​ដើរតួ​ជា​ អ្នក​កៀរគរ​ធនធាន​ គណៈកម្មការ​ប្រឹក្សា​យោបល់​ អ្នកសម្របសម្រួល​ធនធាន​ វាគ្មិន​ អ្នក​បង្កើត​កម្មវិធី​សិក្ខាសាលា​ និង​អ្នកគាំទ្រ​ការ​រៀបចំ​ភស្តុ​ភារ​។​

​បន្ថែម​ពីលើ​ការ​រៀនសូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ការ​ធ្វើ​បទ​បង្ហាញ​ និង​កិច្ច​ពិភាក្សា​យ៉ាង​សកម្ម​នោះ​ អ្វី​ដែល​លេចធ្លោ​នៅ​ក្នុង​កម្មវិធី​មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​ លើក​ទី​ ៥​នោះ​គឺ​ “​ពានរង្វាន់​គ្រាប់ពូជ​”​។​ ពានរង្វាន់​នេះ​បាន​ផ្តល់​ទឹកប្រាក់​ចំនួន​ ៣.០០០​ ដុល្លារ​សហរដ្ឋអាមេរិក​ សម្រាប់​ក្រុម​ដែល​ទទួល​បាន​ពានរង្វាន់​ចំនួន​៥​ ដែល​មក​ពី​ប្រទេស​ កម្ពុជា​ ថៃ​ វៀតណាម​ ឡាវ​ និង​ មី​យ៉ា​ន់​ម៉ា​ ដែល​ក្រុម​ទាំងនេះ​បាន​ បង្ហាញ​ពី​គម្រោង​ច្នៃប្រឌិត​ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​។​ គម្រោង​ទាំងនោះ​រួម​មាន​៖

mkict17-seed-grantses

គម្រោង​អនុវត្ត​ផ្ទាល់​ជាមួយ​មូលដ្ឋាន​

  • ជំរុំ​ធម្មជាតិ​មេគង្គ​៖​ អនុវត្ត​ដោយ​ សាលា​មេគង្គ​ ដែល​ជា​វិទ្យាស្ថាន​ផ្តោត​លើ​ចំណេះដឹង​មូលដ្ឋាន​ នៅ​ប្រទេស​ថៃ​៖​   ​​ផ្តល់ចំណេះដឹង​ បង្កើន​ការ​យល់​ដឹង​ និង​បណ្តុះបណ្តាល​យុវជន​ ឱ្យ​ស្រឡាញ់​ធនធានធម្មជាតិ​នៅ​តំបន់​ទន្លេមេគង្គ​។​
  • អណ្តែតលើ​ទឹកជំនន់៖ អនុវត្ត​ដោយ​ ក្រុម​យុវជន​ មក​ពី​ប្រទេស​វៀតណាម​៖​ ផ្តល់​ឱកាស​ដល់​អ្នក​រស់នៅ​តាម​តំបន់​ដាច់​ស្រយាល​ ក្នុង​ការ​ទទួល​បាន​អគ្គិសនី​ប្រើប្រាស់​ តាម​រយៈ​ការ​ដាក់​ទួ​រ​ប៊ី​ន​ខ្យល់​។

គម្រោងផ្តួចផ្តើមនៅលើអនឡាញ

  • CCEducare​ Myanmar៖​អនុវត្ត​ក្រោម​ កម្មវិធី​អប់រំ​ពលរដ្ឋ​ជាស​កល​ នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​៖​ ផ្តល់​ការ​អប់រំ​ និង​ឱកាស​ចែករំលែក​ចំនេះដឹង​ ដល់​សិស្ស​ក្នុងស្រុក​ និង​សិស្ស​ឆ្នើម​ តាម​រយៈ​  ​កម្មវិធី​សិក្សា​លើ​បណ្ដាញ​ (online)​ និង​ក្រៅ​បណ្ដាញ​ (offline)
  • ការ​រៀន​អន្តរ​កម្ម​លើបណ្តាញ (iLearn)៖​​អនុវត្ត​ដោយ​ក្រុម​ Multimedia​ &​ Technology​ Solutions​ (MTS)​ នៅ​ប្រទេស​ឡាវ​៖​ បង្កើត​ឱកាស​សិក្សា​នៅ​លើ​បណ្តាញ​អន​ឡាញ​ ដល់​ប្រជាជន​ឡាវ​ ដើម្បី​មាន​លទ្ធភាព​អាច​ប្រើប្រាស់​ ប្រព័ន្ធ​ទំនាក់ទំនង​ និង​ បណ្តាញ​សង្គម​ ដើម្បី​បំពេញ​តម្រូវ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​អាស៊ាន
  • CAM​ Lost​ and​ Found៖ អនុវត្ត​ដោយ​ក្រុម​យុវជន​កម្ពុជា​៖​ បាន​បង្កើត​កម្មវិធី​ទូរស័ព្ទ​ សម្រាប់​ស្វែងរក​ វត្ថុ​ដែល​បាត់​។

ការ​ពិ​ព័​ណ​នា​បន្ថែម​នៃ​គម្រោង​នីមួយៗ​ មាននៅ​ក្នុង​ប្លក់​ចំនួន​២​ នៅ​លើ​គេហទំព័រ​ អូ​ឌី​ស៊ី​  ​ដែល​បង្ហាញ​ពី​លទ្ធផល​ និង​ភាព​ជោគជ័យ​នៃ​គម្រោង​នីមួយៗ​។​ អ្នក​ក៏​អាច​ស្វែងរក​ ព័ត៌មាន​បន្ថែម​ ស្តី​ពី​ព្រឹត្តិការណ៍​នេះ​ខ្លះៗ​ តាម​រយៈ​តំណ​ខាងក្រោម​៖

  1. មេគង្គ​អាយ​ស៊ី​ធី​ខែ​ម
  2. មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​ឆ្នាំ​ ២០១៧៖​ ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូ​និក​ សម្រាប់​អ្នកចូលរួម​ម្នាក់​ និង​រង្វាន់​សម្រាប់​គំរូ​គម្រោង
  3. ភាព​ជោគជ័យ​នៃ​ “​ពានរង្វាន់​គ្រាប់ពូជ​”​ នៃ​កម្មវិធី​មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​លើក​ទី​៥​ ឆ្នាំ​ ២០១៧​ ផ្នែក​ទី​១
  4. ភាព​ជោគជ័យ​នៃ​ “​ពានរង្វាន់​គ្រាប់ពូជ​”​ នៃ​កម្មវិធី​មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​លើក​ទី​៥​ ឆ្នាំ​ ២០១៧​ ផ្នែក​ទី​២
  5. វី​ដេ​អូ​ បង្ហាញ​ពី​មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​ ឆ្នាំ​២០១៧​ នៅ​ក្នុង​យូ​ធូប​៖​ https://youtu.be/4DzhTRMtunk

បន្ទាប់​ពី​ការ​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​នៃ​មេគង្គ​អាយ​ស៊ី​ធី​ខែ​ម​ អង្គការ​ ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ (​អូ​ឌី​ស៊ី​)​ នឹង​នាំ​មក​នូវ​ឱកាស​ដ៏​អស្ចារ្យ​មួយ​គឺ​ កម្មវិធី​ កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ ឆ្នាំ​២០១៨​  ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​ ១៧​ ដល់​ ២១​ ខែធ្នូ​ នៅ​ខេត្តសៀមរាប​។​ ប្រធានបទ​ សម្រាប់​កម្មវិធី​រយៈពេល​ ៥​ ថ្ងៃនេះ​គឺ​ផ្តោត​លើ​ សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ ទិន្នន័យ​បើក​ទូលាយ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ កម្មវិធី​ប្រភព​កូដ​បើក​ទូលាយ​សម្រាប់​ភាពល្អ​ប្រសើរ​ និង​គំនិត​ច្នៃប្រឌិត​សម្រាប់​សង្គម​។​ សូម​ចូល​ទៅ​កាន់​ គេហទំព័រ​កម្ពុជា​ អាយ​ស៊ី​ធី​ខែ​ម​ (http://cambodiaict.net/)​ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​។​