សុន្ទរកថា​បិទកម្មវិធី​កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​លើក​ទី​មួយ​

Final-ODC-LOGO

 

សុន្ទរកថា​ដោយ​ លោក​ ធី​ ទ្រី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ
​អំឡុង​ពិធីជប់លៀង​បិទ​​​
កម្មវិធី​កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​ លើក​ទី​មួយ​ ឆ្នាំ​ ២០១៨
នៅ​សណ្ឋាគារ​សុខា​សៀមរាប​ ថ្ងៃ​ទី​ ២១​ ខែធ្នូ​ ឆ្នាំ​ ២០១៨

លោក​ លោកស្រី​ អ្នក​នាង​ កញ្ញា

​សាយ័ណ្ណ​សួស្តី​!​ ខ្ញុំ​សូម​ធ្វើការ​ចាប់ផ្តើម​ជាមួយ​ការ​អបអរសាទរ​ជាមួយនឹង​ការ​បូក​សរុប​ដ៏​ជោគជ័យ​នៃ​កម្មវិធី​កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​លើក​ទី​មួយ​ ព្រមទាំង​ស្វាគមន៍​អ្នក​ទាំងអស់​គ្នា​ចូលរួម​ពិសារ​ភោ​ជ​នា​អាហារ​ពេល​ល្ងាច​នៅ​ក្នុង​ពិធីជប់លៀង​បិទ​កម្មវិធី​នៅ​រាត្រី​នេះ​។

នៅ​ក្នុង​រយៈពេល​ប្រាំ​ថ្ងៃ​នៃ​ព្រឹត្តិការណ៍​នេះ​ យើង​ទាំងអស់​គ្នា​បាន​ធ្វើការ​ជាមួយ​គ្នា​នៅ​លើ​ប្រធានបទ​សំខាន់ៗ​ដូច​ជា​ ប្រភព​កូដ​បើក​ទូលាយ​សម្រាប់​ភាពល្អ​ប្រសើរ​ គំនិត​ច្នៃប្រឌិត​សង្គម​ ទិន្នន័យ​បើក​ទូលាយ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ និង​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត​។​ វា​បាន​ក្លាយ​ជាស​ប្តា​ហ៍​មួយ​ ពោរពេញ​ទៅ​ដោយ​ភាពស្វិតស្វាញ​ និង​ផ្លែផ្កា​បំផុត​ ដែល​ក្នុង​នោះ​រួម​មាន​ សិក្ខាសាលា​ជាមួយ​ការ​អនុវត្ត​ផ្ទាល់​ វគ្គ​ដឹកនាំ​ក្រុម​ ការ​បង្រៀន​ វេទិកា​ពិភាក្សា​ និង​ដំណើរ​កំសាន្ត​។​​

​យើង​មិន​ត្រឹមតែ​បាន​រៀនសូត្រ​ពី​បទ​ពិសោធន៍​នានា​នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​តែ​មួយ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​យើង​ក៏​ទទួល​បាន​ឱកាស​ ដើម្បី​ស្តាប់​ពី​គម្រោង​នានា​ដែល​កំពុង​ដំណើរការ​នៅ​ក្នុង​បណ្តា​ប្រទេស​ដទៃ​ទៀត​ ដូច​ជា​ តៃវ៉ាន់​ មី​យ៉ា​ន់​ម៉ា​ ឥណ្ឌូ​នេ​ស៊ី​ ឡាវ​ និង​ថៃ​ផង​ដែរ​។​ វា​ពិតជា​អស្ចារ្យ​ណាស់​ដែល​យើង​បាន​មក​ជួបជុំ​គ្នា​ ជាមួយនឹង​ក្រុម​មនុស្ស​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ជា​ច្រើន​ ដែល​ពួក​គេ​ពោរពេញ​ទៅ​ដោយ​គំនិត​ច្នៃប្រឌិត​ថ្មីៗ​ និង​ដើម្បី​រៀនសូត្រ​ពី​គម្រោង​ និង​ការងារ​របស់​ពួក​គេ​ ហើយ​ជា​សរុប​ យើង​ទទួល​បាន​អ្នកចូលរួម​កម្មវិធី​កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​នេះ​ ទាំងអស់​ចំនួន​ ៩០​នាក់​។​

អ្នកចូលរួម​បាន​កោតសរសើរ​ជា​ពិសេស​ ចំពោះ​ការ​ពិត​ដែល​ថា​ មាន​វគ្គ​ផ្សេងៗ​គ្នា​ជា​ច្រើន​ត្រូវ​បាន​ដាក់​បញ្ចូល​សម្រាប់​ការ​ពិភាក្សា​រួម​គ្នា​ ហើយ​ពួក​គេ​បាន​មានឱកាស​ពិភាក្សា​អំពី​គំនិត​របស់​ពួក​គេ​ និង​បាន​អភិវឌ្ឍ​គំនិត​ទាំងនោះ​ទៅ​ក្នុង​ផ្នែក​នានា​ ជាមួយ​វាគ្មិន​ និង​អ្នកចូលរួម​ដទៃ​ទៀត​។

ផ្នែក​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត​៖​ កញ្ញា​ វឿ​ន​ លក្ខណា​

នៅ​ក្នុង​វគ្គ​នេះ​ យើង​បាន​ពិភាក្សា​ពី​អត្ថប្រយោជន៍​កម្មវិធី​ Hashcalc​ និង​ពី​របៀប​ដែល​កម្មវិធី​នេះ​អាច​ការពារ​ទិន្នន័យ​តាម​រយៈ​ការ​បំ​លែង​កូដ​ (encryption)​ និង​ការ​ដោះ​ការ​បំ​លែង​កូដ​ (decryption)​។​ ​វគ្គ​នេះ​ក៏​មានការ​លើក​ឡើង​អំពី​ព័ត៌មាន​អំពី​​ក្រុម​អ្នក​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ិ​ន​ធី​ណិ​ត​ ដែល​ធ្វើ​ឱ្យ​អ្នកចូលរួម​យល់​កាន់តែ​ច្បាស់​ពីសក្តានុពលនៃ​លក្ខណៈ​នៃ​ការ​វាយប្រហារ​តាម​អ៊ីនធឺណិត​​ដែល​ពួក​គេ​អាច​ងាយ​នឹង​រង​គ្រោះ​។​ កញ្ញា​ វឿ​ន​ លក្ខណា​ ក៏​បាន​ផ្តល់​ជា​ដំបូន្មាន​ដែល​មាន​ប្រយោជន៍​ និង​អាច​យក​ទៅ​អនុវត្ត​បាន​ ដល់​អ្នក​ស្តាប់​របស់​យើង​ ដើម្បី​ធ្វើ​យ៉ាងណា​អាច​រក្សា​សុវត្ថិភាព​នៅ​លើ​បណ្តាញ​អន​ឡាញ​បាន​។

​មាន​សំនួរ​ជា​ច្រើន​ដែល​បាន​លើក​ឡើង​ពី​សំណាក់​អ្នកចូលរួម​ ដែល​បាន​ផ្តោត​ទៅ​លើ​ការ​ព្រួយបារម្ភ​របស់​ពួក​គេ​ចំពោះ​ឯកជន​ភាព​នៅ​លើ​បណ្តាញ​អន​ឡាញ​ និង​ភាព​មាន​កម្រិត​ដែល​យើង​គ្រប់​គ្នា​គួរតែ​កំណត់​នៅ​ពេលធ្វើការ​ចែកចាយ​អំពី​ជីវិត​រស់នៅ​របស់​យើង​នៅ​លើ​បណ្តាញ​អន​ឡាញ​។​ នេះ​គឺជា​ប្រធានបទ​មួយ​ដែល​កំពុង​មាន​និន្នាការ​នា​ពេល​បច្ចុប្បន្ន​ ខណៈ​ពេល​ដែល​វត្តមាន​របស់​យើង​ទាំងអស់​គ្នា​នៅ​លើ​បណ្តាញ​សង្គម​កំពុង​តែ​កើន​ឡើងជា​រៀងរាល់ថ្ងៃ​។​ មាន​ពេល​ខ្លះ​ពួក​យើង​ មិន​បាន​យកចិត្តទុកដាក់​អំពី​សារៈសំខាន់​នៃ​ការ​បង្ហោះ​ព័ត៌មាន​ដែល​មាន​លក្ខណៈ​ខុសៗ​គ្នា​នៅ​លើ​បណ្តាញ​អន​ឡាញ​នោះ​ទេ​។​

​ផ្នែក​គំនិត​ច្នៃប្រឌិត​សង្គម​៖​ លោក​ Victor​ Logos​

​លោក​ Logos​ បាន​ចែករំលែក​ទៅ​កាន់​អ្នកចូលរួម​អំពី​ របៀប​បង្កើត​មូលដ្ឋាន​ក្នុង​ការ​ធ្វើ​អាជីវកម្ម​។​ លោក​ក៏​បាន​ចែករំលែក​មូលដ្ឋាន​សំខាន់ៗ​ដូច​ជា​ ការ​កំណត់​បញ្ហា​ ការ​បង្កើត​ដំណោះស្រាយ​ ការ​ស្វែងរក​អតិថិជន​ និង​ការ​សាកល្បង​ដំណោះស្រាយ​តាម​រយៈ​ការ​សិក្សា​ទៅ​លើ​អតិថិជន​។​ ក្រោយ​ពី​ដំណាក់កាល​យ៉ាង​ម៉ត់ចត់​នេះ​ លោក​អ្នក​នឹង​មានគំនិត​រួចរាល់​សម្រាប់​ការ​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម​។

ផ្នែក​ប្រភព​កូដ​បើក​ទូលាយ​៖​ លោក​ Akira

លោក​ Akira​ បាន​ទាញ​ចំនាប់អារម្មណ៍​យើង​ទាំងអស់​គ្នា​នៅ​ពេល​លោក​លើក​ឡើង​អំពី​ “​តើ​យើង​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​មនុស្ស​ជាមួយនឹង​អ្នក​ដទៃ​ឱ្យ​កាន់តែ​មាន​អត្ថន័យ​បាន​យ៉ាងដូច​ម្ត៉េ​ច​?”​ យើង​បាន​រៀនសូត្រ​ពី​គាត់​នូវ​ គោលការណ៍​ចំនួន​ ៥​ ដើម្បី​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​បច្ចេកវិទ្យា​អវកាស​បើក​ទូលាយ​។​ លោក​ក៏​បាន​បន្ថែម​នូវ​ច្បាប់​ប្រអប់ជើង​ពីរ​ (The​ Law​ of​ Two​ Feet)៖​ “​ប្រសិនបើ​អ្នករក​ឃើញ​ថា​ខ្លួនឯង​មិន​បាន​រៀនសូត្រ​ ឬ​ចែករំលែក​នូវ​អ្វី​ដែល​កំពុង​ត្រូវ​បាន​ពិភាក្សា​នោះ​ទេ​ ដូច្នេះ​វា​ជា​ទំនួល​ខុស​ត្រូវ​របស់​អ្នក​ដែល​ត្រូវ​ផ្លាស់​ទី​ទៅ​កន្លែង​ដែល​អ្នក​អាច​ គ្រប់គ្រង​ដោយ​ខ្លួនឯង​ និង​រៀបចំ​ដោយ​ខ្លួនឯង​។​”

​ផ្នែក​ទិន្នន័យ​បើក​ទូលាយ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​៖​ អ្នកស្រី​ Pyrou​ Chung​ អ្នកស្រី​ Phonephasouk​ និង​អ្នកស្រី​ Phyu

ស្ត្រី​បាន​ដើរតួ​យ៉ាង​សំខាន់​នៅ​ក្នុង​កម្មវិធី​កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​ឆ្នាំ​២០១៨​ មិន​ត្រឹមតែ​ជា​ក្នុង​នាម​ជា​វាគ្មិន​ និង​ជា​អ្នកចូលរួម​នោះ​ទេ​ ប៉ុន្តែ​យើង​ក៏​មាន​វគ្គ​មួយ​ដែល​ផ្តោត​ពី​ស្ត្រី​នៅ​ក្នុង​វិស័យ​ ICT​ និង​ស្ត្រី​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ទៀត​ផង​។​ នៅ​ក្នុង​វគ្គ​នោះ​ យើង​បាន​ជួប​ជាមួយ​ Pyrou​ Chung,​ Phonephasouk​ និង​ Phyu​ ជជែក​គ្នា​ដើម្បី​ស្វែង​យល់​កាន់តែ​ច្បាស់​អំពី​ស្ត្រី​នៅ​ក្នុង​វិស័យ​ ICT​។​ យើង​ក៏​បានលឺ​រឿងរ៉ាវ​ជា​ច្រើន​អំពី​របៀប​ដែល​ស្ត្រី​កំពុង​តែ​ចូលរួម​កាន់តែ​ច្រើន​ឡើង​នៅ​ក្នុង​ការងារ​ទិន្នន័យ​បើក​ទូលាយ​ ក៏​ដូច​ជា​ការ​ប្រឈម​ និង​ឧបសគ្គ​នានា​ដែល​ពួក​គេ​មិន​ទាន់​អាច​​ជំនះ​បាន​។​ ដូចនេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​ចូលរួម​រក្សា​វត្តមាន​ស្ត្រី​នៅ​ក្នុង​សកម្មភាព​វិស័យ​ ICT​ ដោយ​ធានា​ថា​ពួក​គេ​នឹង​ទទួល​បាន​ឱកាស​ និង​សក្តានុពល​ពី​ការ​ចូលរួម​នោះ​។​ ការ​ធ្វើ​បែប​នេះ​នឹង​នាំ​ឱ្យ​វត្តមាន​របស់​ពួក​គេ​នៅ​ក្នុង​វិស័យ​នេះ​កាន់តែ​កើនឡើង​។

​លោក​ Poren​ Chiang​

តាម​រយៈ​លោក​ Poren​ យើង​ក៏​ទទួល​បានការ​យល់​ដឹង​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ផង​ដែរ​ អំពី​របៀប​ដែល​លោក​ និង​ក្រុមការងារ​របស់​លោក​កំពុង​តែ​ព្យាយាម​ធ្វើ​ឱ្យ​ការ​បោះ​ឆ្នោត​តាម​បណ្តាញ​អ៊ិ​ន​ធឺ​ណិ​ត​ (e-voting)​ នៅ​ក្នុង​ប្រទេស​តៃវ៉ាន់​កាន់តែ​ប្រសើរ​ឡើង​។​ នេះ​គឺជា​គំនិត​មួយ​ដែល​ពោរពេញ​ដោយ​សក្ដានុពល​ និង​ដែល​ទទួល​បាន​ជោគជ័យនៅ​ក្នុង​ដំណាក់​កាលដែល​បាន​អនុវត្ត​ផ្សេងៗ​គ្នា​។

កម្មវិធី​ខែ​ម​នេះ​ក៏​មានការ​ចូលរួម​ពី​គម្រោង​គំរូ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ចំនួន​ ១៤​ នៅ​ក្នុង​វគ្គ​ការ​តាំង​បង្ហាញ​ផង​ដែរ​។​ មាន​គម្រោង​ចំនួន​ ២​ ត្រូវ​បាន​ជ្រើសរើស​ដើម្បី​ទទួល​បាន​មូលនិធិ​គំនិត​ច្នៃប្រឌិត​ ICT​ កម្ពុជា​ ហើយ​គម្រោង​ទាំងនោះ​នឹង​ត្រូវ​បាន​យក​ទៅ​អនុវត្ត​ក្នុង​រយៈពេល​កំណត់​បី​ខែ​ បន្ទាប់​ពី​កម្មវិធី​ខែ​ម​នេះ​។​ ខ្ញុំ​ពិតជា​ចង់​ដឹង​ចង់​លឺ​ពី​អ្វី​ដែល​ពួក​គេ​នឹង​បាន​រៀនសូត្រ​ពី​លទ្ធផល​ និង​រឿង​រ៉ាង​ជោគជ័យ​នៃ​គម្រោង​របស់​ពួក​គេ​ខ្លាំង​ណាស់​។​ ខ្ញុំ​ដឹង​ថា​ វា​ពិតជា​មានការ​លំបាក​ណាស់​ក្នុង​ការ​កាត់សេចក្តី​ដើម្បី​ជ្រើសរើស​ ពីព្រោះ​ថា​គម្រោង​គំរូ​នីមួយៗ​ សុទ្ធតែ​ផ្តល់​នូវ​មានគំនិត​ល្អៗ​ជា​ច្រើន​។​

កម្មវិធី​កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​លើក​ទី​មួយ​ឆ្នាំ​នេះ​ត្រូវ​បាន​បញ្ចប់​ ហើយ​ខ្ញុំ​សង្ឃឹមថា​ អ្នក​ទាំងអស់​គ្នា​នឹង​ធ្វើ​ដំណើរ​ត្រលប់​ទៅ​កាន់​គេហដ្ឋាន​វិញ​ជាមួយនឹង​អនុស្សាវរីយ៍​ និង​រឿង​រ៉ាង​ល្អៗ​ ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ដែរ​ថា​ អ្នក​ទាំងអស់​គ្នា​នឹង​បន្ត​រក្សា​សម្ព័ន្ធភាព​ និង​បណ្តាញ​ទំនាក់ទំនង​រវាង​គ្នា​នឹង​គ្នា​បន្ទាប់​ពី​កម្មវិធី​ខែ​ម​នេះ​។​ សូម​ចែករំលែក​សេចក្តី​អំណរ​ និង​ភាព​រីករាយ​នេះ​ជាមួយនឹង​ស្ថាប័ន​ និង​បណ្តាញ​របស់​អ្នកផង​ដែរ​។​

ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​គណៈកម្មាធិការ​នៃ​កម្មវិធី​កម្ពុជា​អាយ​ស៊ី​ធី​ខែ​ម​ឆ្នាំ​ ២០១៨​ វាគ្មិន​ និង​គណៈកម្មការ​ដាក់​ពិន្ទុ​មូលនិធិ​គំនិត​ច្នៃប្រឌិត​ ICT​ កម្ពុជា​ ដែល​បាន​ធ្វើ​ឱ្យ​កម្មវិធី​ខែ​ម​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ​។​ ខ្ញុំ​ពិតជា​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​ការ​រួមចំណែក​ដ៏​មាន​តម្លៃ​ និង​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​អ្នក​ទាំងអស់​គ្នា​តាំងពី​ថ្ងៃ​ចាប់​ដើម​រហូត​ដល់​ពេល​នេះ​ ហើយ​ជា​ពិសេស​នោះ​គឺ​នៅ​តាម​វគ្គ​នីមួយៗ​នៃ​កម្មវិធី​ខែ​ម​។​

ខ្ញុំ​ក៏​សូម​អរគុណ​ដល់​ក្រុម​បុគ្គលិក​អូ​ឌី​ស៊ី​ ដែល​បាន​ប្រឹងប្រែង​ធ្វើការ​យ៉ាង​ខ្លាំង​ដើម្បី​ធ្វើ​ឱ្យ​កម្មវិធី​ខែ​ម​នេះ​ដំណើរការ​ដោយ​ជោគជ័យ​ ហើយ​ក៏​អរគុណ​ផង​ដែរ​ដល់​ក្រុម​អ្នក​ស្ម័គ្រចិត្ត​សម្រាប់​ភាព​អត់ធ្មត់​ និង​ការងារ​ដ៏​អស្ចារ្យ​របស់​ពួក​គេ​។

សូម​ថ្លៃ​ង​អំណរ​គុណ​ដល់​ម្ចាស់​ជំនួយ​របស់​យើង​រួម​មាន​ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ (USIAD)​ គម្រោង​ Development​ Innovations​ (DI)​ និង​គម្រោង​កិច្ច​ផ្តួចផ្តើម​ទិន្នន័យ​បើក​ទូលាយ​ដើម្បី​ការ​អភិវឌ្ឍ​ (ODI)​នៃ​អង្គការ​វិទ្យា​គ្រប់គ្រង​បូព៌ា​ប​ញ្ចឹ​ម​ (EWMI)​ ដែល​បាន​ធ្វើ​ឱ្យ​សុ​បិ​ន្ត​របស់​យើង​បាន​ក្លាយជា​ការ​ពិត​។​

ជា​ចុង​ក្រោយ​នេះ​ ខ្ញុំ​សូម​ជូនពរ​អ្នក​ទាំងអស់​គ្នា​ទទួល​បាន​ពេលវេលា​ដ៏​អស្ចារ្យ​នៅ​រាត្រី​នេះ​។

លោក​ ធី​ ទ្រី​ នាយក​ប្រ​តិ​ប​តិ្ត​ នៃ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ កំពុងថ្លែងសុន្ទ​រក​ថានៅក្នុងពិធីជប់លៀងបិទកម្មវិធីកម្ពុជាអាយស៊ីធីខែម។